ព្រះត្រៃបិដក ភាគ ៤៤
បុគ្គលកាលឲ្យទាន រមែងជាទីស្រឡាញ់ ជាអ្នកអនុកូលទៅតាមធម៌របស់ពួកសប្បុរស ពួកសព្រហ្មចារី អ្នកសង្រួម មានចិត្តស្ងប់រម្ងាប់ រមែងរាប់រកបុគ្គល នោះសព្វកាល ពួកព្រហ្មចារីនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងអស់ ដល់បុគ្គលនោះ ទាំងបុគ្គលនោះ ដឹងនូវធម៌ហើយ ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ក្នុងលោកនេះ។
[៣៦] ម្នាលភិក្ខុទាំងឡាយ កាលទាននេះ មាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដល់អ្នកមកថ្មី ១ ឲ្យទានដល់អ្នកមានដំណើរ ១ ឲ្យទានដល់អ្នកមានជម្ងឺ ១ ឲ្យទាន ក្នុងពេលអត់បាយ ១ បានដំកល់ស្រូវថ្មី ផ្លែឈើដំបូង ដល់បុគ្គលមានសីលទាំងឡាយ ជាដំបូង ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាកាលទាន ៥ យ៉ាង។
ពួកជនមានបញ្ញា ដឹងភាសិតរបស់អ្នកប្រាជ្ញ មានសេចក្តីកំណាញ់ប្រាសចេញហើយ មានចិត្តជ្រះថ្លាហើយ រមែងឲ្យទាន ក្នុងកាលគួរ ទានដែលបុគ្គលឲ្យ តាមកាលគួរ ចំពោះព្រះអរិយបុគ្គលទាំងឡាយ ដែលជាបុគ្គលមានកាយ និងចិត្ត ប្រកបដោយតាទិគុណ ទក្ខិណាទានរបស់បុគ្គលនោះ ជាទានមានផលបរិបូណ៌។
ID: 636853799210858445
ទៅកាន់ទំព័រ៖