ព្រះត្រៃបិដក ភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ ទាយក កាលឲ្យភោជនាហារ ឈ្មោះថា ឲ្យស្ថាន ៥ យ៉ាងនេះ ដល់បដិគ្គាហកៈទាំងឡាយ។
ធីរជន អ្នកមានប្រាជ្ញា ជាអ្នកឲ្យអាយុ ឲ្យកម្លាំង ឲ្យពណ៌សម្បុរ ឲ្យបដិភាណ ឲ្យសុខ (ដល់គេ) ហើយ ធីរជននោះ រមែងបានសុខ។ អ្នកប្រាជ្ញ ឲ្យអាយុ ពណ៌សម្បុរ សេចក្តីសុខ ទាំងបដិភាណ ទៅកើតក្នុងទីណា ៗ រមែងមានអាយុវែង មាន យសបរិវារ។
[៣៨] ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងកុលបុត្តអ្នកមានសទ្ធានេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសប្បុរស ដែលមានចិត្តស្ងប់ក្នុងលោក សប្បុរសទាំងនោះ កាលអនុគ្រោះ រមែងអនុគ្រោះតែបុគ្គល ដែលមានសទ្ធាជាដំបូង មិនអនុគ្រោះបុគ្គលមិនមានសទ្ធាដូច្នោះទេ ១ កាលចូលទៅជិត រមែងចូលទៅជិតតែបុគ្គលមានសទ្ធាជាដំបូង មិនចូលទៅជិតបុគ្គលមិនមានសទ្ធាដូច្នោះទេ ១ កាលទទួល រមែងទទួលតែបុគ្គលមានសទ្ធាជាដំបូង មិនទទួលបុគ្គលមិនមានសទ្ធាដូច្នោះទេ ១ កាលសំដែងធម៌ ក៏សំដែងចំពោះតែបុគ្គលមានសទ្ធាជាដំបូង មិនសំដែងធម៌ចំពោះបុគ្គលមិនមានសទ្ធាដូច្នោះទេ ១ កុលបុត្រមានសទ្ធា លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ១។
ID: 636853799753219466
ទៅកាន់ទំព័រ៖