ព្រះត្រៃបិដក ភាគ ៤៤

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អានិសង្ស​ ​៥​ ​ក្នុង​កុលបុត្រ​អ្នកមាន​សទ្ធា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដើម​ជ្រៃធំ​ ​ដុះ​លើ​ផែនដី​ដ៏​ល្អ​ ​ត្រង់​ផ្លូវ​ធំ​បែក​ជា​ ​៤​ ​រមែង​ជាទី​ពួន​សង្ងំ​ ​នៃ​ពួក​បក្សី​ជុំវិញ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្រ​ ​ដែល​មាន​សទ្ធា​ ​រមែង​ជាទី​ពឹងពាក់​អាស្រ័យ​ ​នៃ​ជន​ដ៏​ច្រើន​ ​គឺ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ក៏​យ៉ាងនោះ​ដែរ​។​
​ដើមឈើ​ធំ​ ​បរិបូណ៌​ដោយ​មែក​ ​ស្លឹក​ ​ផ្លែ​ ​ដើម​ ​ឫស​ ​បរិបូណ៌​ដោយ​ផ្លែ​ ​ជាទី​ពឹង​ ​របស់​សត្វ​បក្សី​ទាំងឡាយ​ ​ពួក​សត្វ​តែង​អាស្រ័យ​នឹង​ដើមឈើ​នោះ​ ​ដែល​នៅក្នុង​ព្រៃរំលោង​ ​ជាទី​រីករាយ​ចិត្ត​ ​ពួក​សត្វ​ដែល​ត្រូវការ​ម្លប់​ ​ក៏​ទៅ​ជ្រកម្លប់​ ​ពួក​សត្វ​ ​ដែល​ត្រូវការ​ផ្លែ​ ​ក៏​បរិភោគ​ផ្លែ​ ​យ៉ាងណាមិញ​ ​បុរស​បុគ្គល​អ្នកមាន​សទ្ធា​ ​បរិបូណ៌​ដោយ​ ​សីល​ ​ប្រព្រឹត្ត​ឱនលំទោន​ ​មិន​រឹងរូស​ ​ស្លូតត្រង់​ ​ទន់ភ្លន់​ ​ពួក​ព្រះសង្ឃ​ ​ដែល​ប្រាសចាក​រាគៈ​ ​ប្រាសចាក​ទោសៈ​ ​ប្រាសចាក​មោហៈ​ ​មិន​មាន​អាសវៈ​ ​ជា​បុញ្ញកេ្ខត្ត​ ​ក្នុង​លោក​ ​រមែង​រាប់រក​នរជន​ប្រាកដ​ដូច្នោះ​ ​ពួក​ព្រះសង្ឃ​ទាំងនោះ​ ​រមែង​សំដែងធម៌​ ​ជា​គ្រឿង​បន្ទោបង់​នូវ​ទុក្ខ​ទាំងអស់​ ​ដល់​នរៈ​នោះ​ ​នរៈ​នោះ​ ​ដឹង​នូវ​ធម៌​ច្បាស់​ហើយ​ ​ជា​អ្នក​មិន​មាន​អាសវៈ​ ​រមែង​បរិនិព្វាន​ ​ក្នុង​លោក​នេះ​។​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636853799999583558
ទៅកាន់ទំព័រ៖