ព្រះត្រៃបិដក ភាគ ៤៤
ប្រកបដោយធម៌ បានមកដោយធម៌ ពួកសមណព្រាហ្មណ៍ណា ប្រាសចាកសេចក្តីប្រមាទ ព្រោះស្រវឹង តាំងនៅក្នុងខន្តិ និងសោរច្ចៈ ទូន្មានតែខ្លួនឯងម្នាក់ រម្ងាប់តែខ្លួនឯងម្នាក់ រំលត់ (កិលេស) ចំពោះខ្លួនម្នាក់ ហើយដំកល់ទុក នូវទក្ខិណាទាន ដ៏ខ្ពង់ខ្ពស់ ជាធម្មជាត ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ចំពោះពួកសមណព្រាហ្មណ៍ មានសភាពដូច្នោះ នេះជាការកាន់យក នូវភោគៈទាំងឡាយ ទី៥។ ម្នាលគហបតី ទាំង ៥ នេះឯង ជាការកាន់យក នូវភោគៈទាំងឡាយ។ ម្នាលគហបតី បើភោគៈទាំង ៥ យ៉ាងនេះ របស់អរិយសាវកនោះ ដល់នូវកិរិយាអស់ទៅ ព្រោះហេតុដែលបុគ្គលគប្បីកាន់យក ចំពោះហេតុ ដែលបុគ្គលគប្បីកាន់យកភោគៈទាំងឡាយ អរិយសាវកនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ ហេតុទាំងឡាយណា ដែលបុគ្គលគប្បីកាន់យកភោគៈទាំងឡាយ អាត្មាអញ កាន់យកនូវហេតុទាំងឡាយនោះផង ភោគៈទាំងឡាយរបស់អាត្មាអញ ក៏ដល់នូវកិរិយាអស់ទៅផង ដូច្នោះ ហេតុនោះ អរិយសាវកនោះ មិនមានសេចក្តីស្តាយក្រោយសោះឡើយ។
ID: 636853801599365060
ទៅកាន់ទំព័រ៖