ព្រះត្រៃបិដក ភាគ ៤៤
[៤៣] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី ធម៌ ៥ យ៉ាង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ ម្នាលគហបតី អាយុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ១ ពណ៌សម្បុរ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ១ សុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ១ យស ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ១ ស្ថានសួគ៌ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ១។ ម្នាលគហបតី ធម៌ទាំង ៥ យ៉ាងនេះឯង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក។ ម្នាលគហបតី តថាគត មិនពោលនូវការបានចំពោះធម៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រ ក្នុងលោកទាំង ៥ ព្រោះការបន់ស្រន់ ឬព្រោះការប្រាថ្នាទេ។
ID: 636853802478755358
ទៅកាន់ទំព័រ៖