ព្រះត្រៃបិដក ភាគ ៤៤
បឋមបណ្ណាសក ពលវគ្គ
[១១] ម្នាលភិក្ខុទាំងឡាយ តថាគតប្តេជ្ញាថាជាអ្នកដល់នូវអរហត្ត ជាទីបំផុតនៃ អភិញ្ញា និងត្រើយនៃអភិញ្ញា ក្នុងធម៌ដែលមិនធ្លាប់ឮមក ក្នុងកាលមុន ម្នាលភិក្ខុទាំងឡាយ តថាគតប្រកបដោយកម្លាំងទាំងឡាយណា ទើបប្តេជ្ញានូវតំណែងដ៏ប្រសើរ បន្លឺសីហនាទ ក្នុងកណ្តាលបរិស័ទ ញ៉ាំងចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ កម្លាំងតថាគត របស់តថាគតនោះ មាន៥ យ៉ាងនេះ។ កម្លាំង ៥យ៉ាង តើអ្វីខ្លះ។ គឺកម្លាំងសទ្ធា ១ កម្លាំងហិរិ ១ កម្លាំងឱត្តប្បៈ ១ កម្លាំងវីរិយៈ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតប្រកបដោយកម្លាំងទាំងឡាយណា ទើបប្តេជ្ញានូវតំណែងដ៏ប្រសើរ បន្លឺសីហនាទ ក្នុងកណ្តាលបរិស័ទ ញ៉ាំងចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ កម្លាំងតថាគត របស់តថាគតនោះ មាន ៥ យ៉ាងនេះឯង។
ID: 636853786264187938
ទៅកាន់ទំព័រ៖