ព្រះត្រៃបិដក ភាគ ៤៥
ដើម្បីសម្រេចនូវគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែសខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សង្ឃបែកគ្នា ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃបែកគ្នាហើយ ការជេគ្នានិងគ្នា ក៏មាន ការប្រទេចផ្តាសាគ្នានិងគ្នា ក៏មាន ការបោះពាក្យសំដីទៅរកគ្នានិងគ្នា ក៏មាន ការលះបង់គ្នានិងគ្នា ក៏មាន ពួកជនដែលមិនទាន់ជ្រះថ្លាក្នុងសង្ឃទាំងនោះ ក៏មិនមានសេចក្តីជ្រះថ្លា ដែលជ្រះថ្លាស្រាប់ហើយ ក៏ងាកចិត្តលែងជ្រះថ្លាវិញ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៥ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្ម ឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀននូវព្រះសូត្រ ដែលខ្លួនរៀនត្រូវ ដោយបទ និងព្យញ្ជនៈដែលរៀបរៀងត្រូវ
ID: 636853879894513286
ទៅកាន់ទំព័រ៖