ព្រះត្រៃបិដក ភាគ ៤៥
ដើម្បីសម្រេចនូវគុណវិសេស ដែលខ្លួនមិនទាន់សម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ប្រជុំជនដែលកើតជាខាងក្រោយ គឺ សទ្ធិវិហារិក អន្តេវាសិក ក៏យកតម្រាប់តាមពួកភិក្ខុជាថេរៈទាំងនោះ បច្ឆិមជននោះឯង ក៏មិនជាអ្នកប្រតិបត្តិដើម្បីឲ្យកើតលាភច្រើន មិនប្រតិបត្តិបន្ធូរបន្ថយ ដាក់ធុរៈ ក្នុងការប្រតិបត្តិបន្ធូរបន្ថយចេញ ជាប្រធានក្នុងវិវេក ប្រារព្ធព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចនូវគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សង្ឃព្រមព្រៀងគ្នា មានសេចក្តីរីករាយរកគ្នា មិនទាស់ទែងគ្នា មានឧទេ្ទសជាមួយគ្នា រមែងនៅជាសុខ ម្នាលភិក្ខុទាំងឡាយ កាលបើ សង្ឃព្រមព្រៀងគ្នាហើយ ការជេគ្នានិងគ្នា ក៏មិនមាន ការប្រទេចផ្តាសាគ្នានិងគ្នា ក៏មិនមាន ការបោះពាក្យសំដីទៅរកគ្នានិងគ្នា ក៏មិនមាន ការលះបង់គ្នានិងគ្នា ក៏មិនមាន ពួកជនដែលមិនទាន់ជ្រះថ្លា ក្នុងសង្ឃទាំងនោះ ក៏រមែងជ្រះថ្លាឡើង ដែលជ្រះថ្លាស្រាប់ហើយ ក៏រឹងរឹតតែជ្រះថ្លាឡើង។
ID: 636853880245423357
ទៅកាន់ទំព័រ៖