ព្រះត្រៃបិដក ភាគ ៤៥
ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៥ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។
[៥៧] ម្នាលភិក្ខុទាំងឡាយ កថារបស់បុគ្គល ៥ ពួក ជាកថាអាក្រក់ ដោយការលើកយកបុគ្គលទៅប្រៀបនិងបុគ្គល។ កថារបស់បុគ្គល ៥ ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ការពោលអំពីសទ្ធា របស់បុគ្គលមិនមានសទ្ធា ជាកថាអាក្រក់ ១ ការពោលអំពីសីល របស់បុគ្គលទ្រុស្តសីល ជាកថាអាក្រក់ ១ ការពោលអំពីការចេះដឹងច្រើន របស់បុគ្គលចេះដឹងតិច ជាកថាអាក្រក់ ១ ការពោលអំពីការលះ របស់បុគ្គលកំណាញ់ ជាកថាអាក្រក់ ១ ការពោលអំពីប្រាជ្ញា របស់បុគ្គលឥតប្រាជ្ញា ជាកថាអាក្រក់ ១។ ម្នាលភិក្ខុទាំងឡាយ ចុះការពោលអំពីសទ្ធា របស់បុគ្គលមិនមានសទ្ធា ជាកថាអាក្រក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានសទ្ធា កាលបើពោលអំពីសទ្ធា រមែងរអាក់រអួល កម្រើកញាប់ញ័រ ឃ្នាន់ខ្នាញ់ ធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលមិនមានសទ្ធានោះ មិនឃើញច្បាស់នូវសទ្ធាសម្បទានោះក្នុងខ្លួន មិនបាននូវបីតិ និងបាមោជ្ជៈ ព្រោះសទ្ធានោះជាហេតុផង ព្រោះហេតុនោះ
ID: 636853880437344334
ទៅកាន់ទំព័រ៖