ព្រះត្រៃបិដក ភាគ ៤៥
ការពោលអំពីសទ្ធា របស់បុគ្គលមិនមានសទ្ធា ទើបជាកថាអាក្រក់។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទ្រុស្តសីល ពោលអំពីសីល ជាកថាអាក្រក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល កាលបើពោលអំពីសីល រមែងរអាក់រអួល កម្រើកញាប់ញ័រ ឃ្នាន់ខ្នាញ់ ធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលទ្រុស្តសីលនោះ មិនឃើញច្បាស់ នូវសីលសម្បទានោះក្នុងខ្លួន ព្រមទាំងមិនបាននូវបីតិ និងបាមោជ្ជៈ ព្រោះសីលនោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីសីល របស់បុគ្គលទ្រុស្តសីល ទើបជាកថាអាក្រក់។ ម្នាលភិក្ខុទាំងឡាយ ចុះការពោលអំពីការចេះដឹងច្រើនរបស់បុគ្គលចេះដឹងតិច ជាកថាអាក្រក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកចេះដឹងតិច កាលពោលអំពីការចេះដឹងច្រើន រមែងរអាក់រអួល កម្រើកញាប់ញ័រ ឃ្នាន់ខ្នាញ់ ធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលអ្នកចេះដឹងតិចនោះ មិនឃើញច្បាស់ នូវសុតសម្បទានោះក្នុងខ្លួន ព្រមទាំងមិនបាននូវបីតិ និងបាមោជ្ជៈ ព្រោះការចេះដឹងតិចនោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីការចេះដឹងច្រើន របស់បុគ្គលចេះដឹងតិច ទើបជាកថាអាក្រក់។
ID: 636853880612844372
ទៅកាន់ទំព័រ៖