ព្រះត្រៃបិដក ភាគ ៤៥
ម្នាលភិក្ខុទាំងឡាយ ចុះការពោលអំពីការលះ របស់បុគ្គលកំណាញ់ ជាកថាអាក្រក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកំណាញ់ កាលបើពោលអំពីការលះ រមែងរអាក់រអួល កម្រើកញាប់ញ័រ ឃ្នាន់ខ្នាញ់ ធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលកំណាញ់នោះ មិនឃើញច្បាស់ នូវចាគសម្បទានោះក្នុងខ្លួន ព្រមទាំងមិនបាននូវបីតិ និងបាមោជ្ជៈ ព្រោះមានការលះនោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីការលះ របស់បុគ្គលកំណាញ់ ទើបជាកថាអាក្រក់។ ម្នាលភិក្ខុទាំងឡាយ ចុះការពោលអំពីបញ្ញា របស់បុគ្គលឥតបញ្ញា ជាកថាអាក្រក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ័ប្បឥតបញ្ញា កាលពោលអំពីបញ្ញា រមែងរអាក់រអួល កម្រើកញាប់ញ័រ ឃ្នាន់ខ្នាញ់ ធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលអ័ប្បឥតបញ្ញានោះ មិនឃើញច្បាស់នូវបញ្ញាសម្បទានោះក្នុងខ្លួន ព្រមទាំងមិនបាននូវបីតិ និងបាមោជ្ជៈ ព្រោះបញ្ញានោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីបញ្ញា របស់បុគ្គលអ័ប្បឥតបញ្ញា ទើបជាកថាអាក្រក់។ ម្នាលភិក្ខុទាំងឡាយ កថារបស់បុគ្គលទាំង ៥ ពួកនេះឯង ជាកថាអាក្រក់ ដោយលើកយកបុគ្គលទៅប្រៀបនឹងបុគ្គល។
ID: 636853880924632206
ទៅកាន់ទំព័រ៖