ព្រះត្រៃបិដក ភាគ ៤៥
ម្នាលភិក្ខុទាំងឡាយ កថារបស់បុគ្គល ៥ ពួក ជាកថាល្អ ដោយលើកយកបុគ្គលទៅប្រៀបនឹងបុគ្គល។ កថារបស់បុគ្គល ៥ ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ការពោលអំពីសទ្ធា របស់បុគ្គលមានសទ្ធា ជាកថាល្អ ១ ការពោលអំពីសីល របស់បុគ្គលមានសីល ជាកថាល្អ ១ ការពោលអំពីការចេះដឹងច្រើន របស់បុគ្គលចេះដឹងច្រើន ជាកថាល្អ ១ ការពោលអំពីការលះ របស់បុគ្គលបរិច្ចាគ ជាកថាល្អ ១ ការពោលអំពីបញ្ញា របស់បុគ្គលមានបញ្ញា ជាកថាល្អ ១។ ម្នាលភិក្ខុទាំងឡាយ ចុះការពោលអំពីសទ្ធា របស់បុគ្គលមានសទ្ធា ជាកថាល្អតើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសទ្ធា កាលបើពោលអំពីសទ្ធា រមែងមិនរអាក់រអួល មិនកម្រើកញាប់ញ័រ មិនឃ្នាន់ខ្នាញ់ មិនធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាបុគ្គលមានសទ្ធានោះ ឃើញច្បាស់នូវសទ្ធាសម្បទានោះក្នុងខ្លួន ព្រមទាំងបាននូវបីតិ និងបាមោជ្ជៈ ព្រោះសទ្ធានោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីសទ្ធា របស់បុគ្គលមានសទ្ធា ទើបជាកថាល្អ។ ម្នាលភិក្ខុទាំងឡាយ ចុះការពោលអំពីសីល របស់បុគ្គលមានសីល ជាកថាល្អ តើដូចម្តេច។
ID: 636853881199727940
ទៅកាន់ទំព័រ៖