ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សីល​ ​កាលបើ​ពោល​អំពី​សីល​ ​រមែង​មិន​រអាក់រអួល​ ​មិន​កម្រើក​ញាប់ញ័រ​ ​មិន​ឃ្នាន់ខ្នាញ់​ ​មិន​ធ្វើ​សេចក្តី​ក្រោធ​ខឹង​ ​និង​សេចក្តី​មិន​ត្រេកអរ​ ​ឲ្យ​ប្រាកដ​។​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​បុគ្គល​មាន​សីល​នោះ​ ​ឃើញច្បាស់​នូវ​សីលសម្បទា​នោះ​ក្នុង​ខ្លួន​ ​ព្រមទាំង​បាន​នូវ​បីតិ​ ​និង​បាមោជ្ជៈ​ ​ព្រោះ​សីល​នោះ​ជាហេតុ​ ​ព្រោះហេតុនោះ​ ​ការ​ពោល​អំពី​សីល​ ​របស់​បុគ្គល​មាន​សីល​ ​ទើប​ជា​កថា​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ការ​ពោល​អំពី​ការចេះដឹង​ច្រើន​ ​របស់​បុគ្គល​ចេះដឹង​ច្រើន​ ​ជា​កថា​ល្អ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នកចេះដឹង​ច្រើន​ ​កាលបើ​ពោល​អំពី​ការចេះដឹង​ច្រើន​ ​រមែង​មិន​រអាក់រអួល​ ​មិន​កម្រើក​ញាប់ញ័រ​ ​មិន​ឃ្នាន់ខ្នាញ់​ ​មិន​ធ្វើ​សេចក្តី​ក្រោធ​ខឹង​ ​និង​សេចក្តី​មិន​ត្រេកអរ​ ​ឲ្យ​ប្រាកដ​។​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​បុគ្គល​ចេះដឹង​ច្រើន​នោះ​ ​ឃើញច្បាស់​នូវ​សុត​សម្បទា​នោះ​ក្នុង​ខ្លួន​ ​ព្រមទាំង​បាន​នូវ​បីតិ​ ​និង​បាមោជ្ជៈ​ ​ព្រោះ​ការចេះដឹង​ច្រើន​នោះ​ជាហេតុ​ ​ព្រោះហេតុនោះ​ ​ការ​ពោល​អំពី​ការចេះដឹង​ច្រើន​ ​របស់​បុគ្គល​ចេះដឹង​ច្រើន​ ​ទើប​ជា​កថា​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ការ​ពោល​អំពី​ការ​បរិច្ចាគទាន​ ​របស់​បុគ្គល​អ្នកបរិច្ចាគ​ ​ជា​កថា​ល្អ​ ​តើ​ដូចម្តេច​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636853881366847499
ទៅកាន់ទំព័រ៖