ព្រះត្រៃបិដក ភាគ ៤៥
ភិក្ខុត្រូវសំដែងធម៌ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញ នឹងសំដែងដោយមិនបានបៀតបៀនខ្លួនឯង និងបុគ្គលដទៃ ១។ ម្នាលអានន្ទ ការសំដែងធម៌ ដល់ជនដទៃ មិនអាចធ្វើបានដោយងាយទេ ម្នាលអានន្ទ កាលភិក្ខុសំដែងធម៌ ដល់ជនដទៃ ត្រូវដំកល់ធម៌ ៥ យ៉ាងនេះ ឲ្យមានក្នុងខ្លួនសិន ទើបគួរសំដែងធម៌ដល់ជនដទៃ។
[៦០] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ កើតឡើងហើយ បន្ទោបង់បានដោយកម្រ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺរាគៈកើតឡើងហើយ បន្ទោបង់បានដោយកម្រ ១ ទោសៈកើតឡើងហើយ បន្ទោបង់បានដោយកម្រ ១ មោហៈកើតឡើងហើយ បន្ទោបង់បានដោយកម្រ ១ បដិភាណៈ (ការល្មោភនិយាយ) កើតឡើងហើយ បន្ទោបង់បានដោយកម្រ ១ គមិកចិត្ត (ចិត្តប្រាថ្នានឹងទៅ) កើតឡើងហើយ បន្ទោបង់បានដោយកម្រ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ កើតឡើងហើយ បន្ទោបង់បានដោយកម្រ។
ចប់ សទ្ធម្មវគ្គ ទី១។
ID: 636853882117590439
ទៅកាន់ទំព័រ៖