ព្រះត្រៃបិដក ភាគ ៤៥
ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មានការប្រព្រឹត្តិដោយកាយមិនបរិសុទ្ធ តែមានការប្រព្រឹត្តិ ដោយវាចាដ៏បរិសុទ្ធ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ដូចជាភិក្ខុអ្នកទ្រទ្រង់សំពត់បង្សុកូល បានឃើញផែនសំពត់នៅនាច្រកផ្លូវ ហើយជាន់នឹងជើងឆ្វេង លាត្រដាងមើលដោយជើងស្តាំ ហើយហែកសំពត់យកតែត្រង់កន្លែងដែលមានសាច់ជាប់ រួចកាន់យក ដើរចៀសចេញទៅ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលណា មានការប្រព្រឹត្តិ ដោយកាយមិនបរិសុទ្ធ តែមានការប្រព្រឹត្តិ ដោយវាចាដ៏បរិសុទ្ធ ភិក្ខុមិនត្រូវធ្វើទុកក្នុងចិត្ត នូវសេចក្តីប្រព្រឹត្តិ ដោយកាយមិនបរិសុទ្ធ របស់បុគ្គលនោះ ក្នុងសម័យនោះឡើយ ត្រូវធ្វើទុកក្នុងចិត្ត តែត្រង់សេចក្តីប្រព្រឹត្តិ ដោយវាចាដ៏បរិសុទ្ធ របស់បុគ្គលនោះ ក្នុងសម័យនោះប៉ុណ្ណោះ ក៏យ៉ាងនោះដែរ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មានការប្រព្រឹត្តិ ដោយវាចាមិនបរិសុទ្ធ តែមានការប្រព្រឹត្តិ ដោយកាយដ៏បរិសុទ្ធ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការដូចម្តេច។
ID: 636853883130568378
ទៅកាន់ទំព័រ៖