ព្រះត្រៃបិដក ភាគ ៤៥
            
        
        
            
            
                
                ម្នាលអាវុសោទាំងឡាយ ស្រះបោក្ខរណី ពាសពេញដោយសារាយ និងចក មានបុរសក្តៅខ្លាំងដោយកំដៅថ្ងៃ ត្រូវកំដៅថ្ងៃគ្របសង្កត់ នឿយហត់ អន្ទះអន្ទែង ស្រេក ដើរមកដល់ បុរសនោះ ក៏ចុះទៅរកស្រះបោក្ខរណីនោះ ហើយវែកសារាយ និងចក ដោយដៃទាំងពីរ រួចក្បង់ទឹកផឹកដោយកំបង់ដៃ ទើបដើរចេញទៅ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលណា មានការប្រព្រឹត្តិ ដោយវាចាមិនបរិសុទ្ធ តែមានការប្រព្រឹត្តិ ដោយកាយដ៏បរិសុទ្ធ ភិក្ខុមិនត្រូវធ្វើទុកក្នុងចិត្ត នូវសេចក្តីប្រព្រឹត្តិ ដោយវាចាមិនបរិសុទ្ធ របស់បុគ្គលនោះ ក្នុងសម័យនោះឡើយ ត្រូវធ្វើទុកក្នុងចិត្ត តែត្រង់សេចក្តីប្រព្រឹត្តិ ដោយកាយដ៏បរិសុទ្ធ របស់បុគ្គលនោះ ក្នុងសម័យនោះប៉ុណ្ណោះវិញ ក៏យ៉ាងនោះដែរ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះ ដោយប្រការយ៉ាងនេះ។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មានសេចក្តីប្រព្រឹត្តិ ដោយកាយមិនបរិសុទ្ធ មានសេចក្តីប្រព្រឹត្តិ ដោយវាចាក៏មិនបរិសុទ្ធ តែបានឱកាសស្ងប់នៃចិត្ត និងជ្រះថ្លានៃចិត្ត ក្នុងកាលម្តងៗ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការដូចម្តេច។
            
            
         
        
            
                ID: 636853883309528614 
                
            
            
                ទៅកាន់ទំព័រ៖