ព្រះត្រៃបិដក ភាគ ៤៥
(ព្រោះ) បុគ្គលនោះ បានឱកាសស្ងប់នៃចិត្ត និងសេចក្តីជ្រះថ្លានៃចិត្ត ក្នុងកាលម្តងៗ ឯណា ភិក្ខុត្រូវធ្វើទុកក្នុងចិត្ត នូវការបាននូវឱកាសស្ងប់នៃចិត្ត និងសេចក្តីជ្រះថ្លានៃចិត្ត ក្នុងកាលម្តងៗ នោះ របស់បុគ្គលនោះ ក្នុងសម័យនោះផង ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ។ ម្នាលអាវុសោទាំងឡាយ ចិត្តជ្រះថ្លា ព្រោះមកភប់ប្រសព្វនឹងបុគ្គលដែលមានគុណគួរឲ្យជ្រះថ្លាបំផុត។ ម្នាលអាវុសោទាំងឡាយ គំនុំកើតឡើងដល់ភិក្ខុ ភិក្ខុត្រូវកំចាត់បង់សព្វគ្រប់ ដោយអាឃាតប្បដិវិន័យណា អាឃាតប្បដិវិន័យនេះ មាន៥យ៉ាង។
[៦៣] ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុ ក្នុងទីនោះថា។ បេ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរសាកសួរ (ធម៌អាថ៌) នឹងសព្រហ្មចារីទាំងឡាយបាន។ ធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ក្នុងសាសនានេះ មានភិក្ខុជាអ្នកបរិបូណ៌ ដោយសីលខ្លួនឯង ទាំងព្យាករនូវប្រស្នា ដែលមកក្នុងសីលសម្បទាកថា ១ បរិបូរណ៌ដោយសមាធិខ្លួនឯង ទាំងព្យាករនូវប្រស្នា ដែលមកក្នុងសមាធិសម្បទាកថា ១ បរិបូរណ៌ដោយបញ្ញាខ្លួនឯង ទាំងព្យាករនូវប្រស្នា ដែលមកក្នុងបញ្ញាសម្បទាកថា ១ បរិបូរណ៌ដោយវិមុត្តិខ្លួនឯង ទាំងព្យាករនូវប្រស្នា ដែលមកក្នុងវិមុត្តិសម្បទាកថា ១
ID: 636853884193589179
ទៅកាន់ទំព័រ៖