ព្រះត្រៃបិដក ភាគ ៤៥
ដែលថា ភិក្ខុនោះ ផ្លោះរំលងនូវការកើតជាមួយនឹងពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ មិនដែលមានទេ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឧទាយិដ៏មានអាយុ ចេះតែហាមឃាត់ (ពាក្យ) អាត្មាអញ អស់ ៣ ដងមកហើយ ភិក្ខុណាមួយ ក៏មិនអនុមោទនា (ពាក្យ) អាត្មាអញសោះ បើដូច្នោះ មានតែអាត្មាអញ ចូលទៅគាល់ព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ក៏មានថេរវាចានឹងពួកភិក្ខុថា ម្នាលអាវុសោទាំងឡាយ ក្នុងសាសនានេះ ភិក្ខុបរិបូរណ៌ដោយសីល បរិបូរណ៌ដោយសមាធិ បរិបូរណ៌ដោយបញ្ញា គួរចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ តែងតែមាន បើមិនបានសម្រេចអរហត្ត ក្នុងកាលជាបច្ចុប្បន្នទេ ក៏ផ្លោះរំលងនូវការកើតជាមួយនឹងពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន
ID: 636853885320983663
ទៅកាន់ទំព័រ៖