ព្រះត្រៃបិដក ភាគ ៤៥
ដែលថា ភិក្ខុនោះ ផ្លោះរំលងនូវការកើតជាមួយនឹងពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ មិនដែលមានទេ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អម្បាលទីចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគ ម្តេចព្រះឧទាយិដ៏មានអាយុ ក៏នៅតែរារាំងពាក្យរបស់អាត្មាអញ អស់វារៈជាគំរប់ ៣ ដង រកភិក្ខុណាមួយ អនុមោទនាពាក្យរបស់អាត្មាអញគ្មានសោះ បើដូចច្នោះ គួរតែអាត្មាអញនៅស្ងៀមទៅចុះ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ក៏នៅស្ងៀម។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅព្រះឧទាយិដ៏មានអាយុថា ម្នាលឧទាយិ តើអ្នកយល់ពួកទេវតា ដែលសម្រេចដោយចិត្តដូចម្តេច។ ព្រះឧទាយិដ៏មានអាយុ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា មិនមានរូប មានតែសញ្ញា (ខ្ញុំព្រះអង្គយល់ពួកទេវតានោះ)។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលឧទាយិ ប្រយោជន៍អ្វី ដោយការនិយាយ ជាមួយនឹងអ្នកដែលជាបុគ្គលពាលមិនឈ្លាស ខ្លួនអ្នកដឹងបានតែពាក្យ ដែលខ្លួនត្រូវពោល។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា
ID: 636853885675043914
ទៅកាន់ទំព័រ៖