ព្រះត្រៃបិដក ភាគ ៤៥
[៦៧] ព្រះសារីបុត្តដ៏មានអាយុ បានហៅពួកភិក្ខុ ក្នុងទីនោះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកដាស់តឿន ចង់ដាស់តឿនភិក្ខុដទៃ គួរដំកល់ធម៌ ៥ យ៉ាងទុកក្នុងខ្លួន ហើយសឹមដាស់តឿនភិក្ខុដទៃ។ ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ( គឺភិក្ខុគិតថា) អាត្មាអញនិយាយដាស់តឿនក្នុងកាលគួរ មិននិយាយដាស់តឿនក្នុងកាលមិនគួរ ១ អាត្មាអញនិយាយដាស់តឿនដោយពាក្យពិត មិននិយាយដាស់តឿនដោយពាក្យមិនពិត ១ អាត្មាអញនិយាយដាស់តឿនដោយពាក្យពីរោះ មិននិយាយដាស់តឿនដោយពាក្យទ្រគោះ ១ អាត្មាអញនិយាយដាស់តឿន ដោយពាក្យដែលប្រកបដោយប្រយោជន៍ មិននិយាយដាស់តឿន ដោយពាក្យដែលមិនប្រកបដោយប្រយោជន៍ ១ អាត្មាអញនិយាយដាស់តឿនដោយចិត្តមេត្តា មិននិយាយដាស់តឿនដោយទោសចិត្ត ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកដាស់តឿន ចង់ដាស់តឿនភិក្ខុដទៃ គួរដំកល់ធម៌ ៥ យ៉ាងនេះ ទុកក្នុងខ្លួន ហើយសឹមដាស់តឿនភិក្ខុដទៃ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំឃើញបុគ្គលខ្លះ ក្នុងលោកនេះ ដែលគេដាស់តឿនក្នុងកាលមិនគួរ មិនដាស់តឿនក្នុងកាលគួរ ហើយមានសេចក្តីខឹង ១ ដែលគេដាស់តឿនដោយពាក្យមិនពិត មិនដាស់តឿនដោយពាក្យពិត ហើយមានសេចក្តីខឹង ១
ID: 636853886443317856
ទៅកាន់ទំព័រ៖