ព្រះត្រៃបិដក ភាគ ៤៥

​ព្រោះថា​ ​ដូចយ៉ាង​ភិក្ខុ​ដទៃ​ ​ក៏​ត្រូវ​សំគាល់​ភិក្ខុ​ដែល​ខ្លួន​ត្រូវ​ដាស់តឿន​ដោយ​ពាក្យពិត​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ដែលគេ​ដាស់តឿន​ ​ត្រូវ​ប្រតិស្ឋាន​ក្នុង​ធម៌​ ​២​ ​យ៉ាង​ ​គឺ​សច្ចៈ​ ​១​ ​សេចក្តី​មិន​ខឹង​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​ភិក្ខុ​គប្បី​ដាស់តឿន​ពួក​បុគ្គល​ដទៃ​ ​ដោយ​អាការៈ​ ​៥​ ​យ៉ាង​ ​គឺ​ ​(​ដាស់តឿន​)​ ​ក្នុង​កាលគួរ​ក៏​មាន​ ​មិន​គួរ​ក៏​មាន​ ​១​ ​ដោយ​ពាក្យពិត​ក៏​មាន​ ​មិន​ពិត​ក៏​មាន​ ​១​ ​ដោយ​ពាក្យពីរោះ​ក៏​មាន​ ​ពាក្យទ្រគោះ​ក៏​មាន​ ​១​ ​ដោយ​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ក៏​មាន​ ​មិន​ប្រកបដោយ​ប្រយោជន៍​ក៏​មាន​ ​១​ ​ដោយចិត្ត​មេត្តា​ក៏​មាន​ ​ដោយ​ទោសចិត្ត​ក៏​មាន​ ​១​។​ ​(​ភិក្ខុ​អ្នក​ដាស់តឿន​គេ​ ​ត្រូវ​តាំងចិត្ត​)​ ​ថា​ ​ទោះបី​អាត្មាអញ​ ​ក៏​គួរ​ប្រតិស្ឋាន​ក្នុង​ធម៌​ ​២​ ​យ៉ាង​ ​គឺ​សច្ចៈ​ ​១​ ​សេចក្តី​មិន​ខឹង​ ​១​ ​ដែរ​។​ ​បើ​អាត្មាអញ​ដឹង​ថា​ ​ធម៌​នុ៎ះ​ ​មាននៅ​ក្នុង​អាត្មាអញ​ ​អាត្មាអញ​ ​គួរ​និយាយប្រាប់​គេ​ថា​មាន​ ​(​ព្រោះ​)​ ​ធម៌​នុ៎ះ​ ​មាននៅ​ក្នុង​អាត្មាអញ​មែន​។​ ​បើ​អាត្មាអញ​ដឹង​ថា​ ​ធម៌​នោះ​ ​មិន​មាន​ក្នុង​អាត្មាអញ​ទេ​ ​គួរ​អាត្មាអញ​ ​និយាយប្រាប់​គេ​ថា​ ​មិន​មាន​ ​(​ព្រោះ​)​ ​ធម៌​នុ៎ះ​ ​មិន​មាន​ក្នុង​អាត្មាអញ​មែន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សារីបុត្ត​ ​កាលដែល​អ្នកពោល​យ៉ាងនេះ​ហើយ​ ​មាន​ពួក​មោឃបុរស​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​មិន​ទទួលយក​ដោយ​ផ្ចិតផ្ចង់​ឡើយ​។
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636853887327218413
ទៅកាន់ទំព័រ៖