ព្រះត្រៃបិដក ភាគ ៤៥
[៧៣] ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់ចោល។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺឧបាសកជាអ្នកសម្លាប់សត្វ ១។បេ។ ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំង នៃសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់ចោល។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងរមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺឧបាសកជាអ្នកវៀរចាកបាណាតិបាត ១។បេ។ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដាក់។
[៧៤] គ្រានោះឯង អនាថបិណ្ឌិកគហបតី បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់យ៉ាងនេះថា
ID: 636853890426545684
ទៅកាន់ទំព័រ៖