ព្រះត្រៃបិដក ភាគ ៤៥
មានការងារសង្រួម ក្នុងសិក្ខាបទទាំង ៥ ប្រការផង បានតាមប្រាថ្នា បានមិនលំបាក បានមិនក្រ នូវការសម្រេចសម្រាន្តជាសុខ ក្នុងបច្ចុប្បន្ន អាស្រ័យនូវចេតសិក ដ៏ខ្ពងខ្ពស់ទាំង ៤ ផង កាលបើគ្រហស្ថនោះ ប្រាថ្នាព្យាករខ្លួនឯង ដោយខ្លួនឯងថា អាត្មាអញអស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បិត្តិវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ អាត្មាអញ ជាសោតាបន្នបុគ្គល មិនមានការធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង មានសេចក្តីត្រាស់ដឹងទៅខាងមុខ។ គ្រហស្ថដែលមានការងារសង្រួម ក្នុងសិក្ខាបទទាំង ៥ ប្រការ តើដូចម្តេច។ ម្នាលសារីបុត្ត អរិយសាវក ក្នុងសាសនានេះ ជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ១ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ គ្រហស្ថ ជាអ្នកមានការងារសង្រួម ក្នុងសិក្ខាបទទាំង ៥ នេះ។ គ្រហស្ថ ជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានមិនក្រ នូវការសម្រេចសម្រាន្ត ជាសុខក្នុងបច្ចុប្បន្ន អាស្រ័យនូវចេតសិកដ៏ខ្ពង់ខ្ពស់ទាំង ៤ តើដូចម្តេច។
ID: 636853893311810712
ទៅកាន់ទំព័រ៖