ព្រះត្រៃបិដក ភាគ ៤៥
ជាសីលរបស់មនុស្សអ្នកជា ជាសីលដែលអ្នកប្រាជ្ញសរសើរ ជាសីលមិនប៉ះពាល់ដោយតណ្ហា និងទិដ្ឋិ ជាសីលញុំាងសមាធិឲ្យប្រព្រឹត្តទៅបាន។ នេះជាការសម្រេចសម្រាន្ត ជាសុខក្នុងបច្ចុប្បន្ន ដ៏ប្រកបដោយចេតសិកដ៏ខ្ពង់ខ្ពស់ ទី៤ ដែលអរិយសាវកនោះ បានជួបប្រទះហើយ នាំឲ្យចិត្ត ដែលមិនទាន់បរិសុទ្ធ ឲ្យបរិសុទ្ធ និងនាំឲ្យចិត្ត ដែលមិនទាន់ផូរផង់ ឲ្យផូរផង់។ គ្រហស្ថដែលជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានមិនក្រ នូវការសម្រេចសម្រាន្ត ជាសុខក្នុងបច្ចុប្បន្ន អាស្រ័យនូវចេតសិកដ៏ខ្ពង់ខ្ពស់ ៤ យ៉ាងនេះឯង។ ម្នាលសារីបុត្ត អ្នកត្រូវដឹងនូវគ្រហស្ថណាមួយ ដែលជាអ្នកស្លៀកស មានការងារសង្រួម ក្នុងសិក្ខាបទទាំង ៥ នេះផង បានតាមប្រាថ្នា បានមិនលំបាក បានមិនក្រ នូវការសម្រេចសម្រាន្ត ជាសុខក្នុងបច្ចុប្បន្ន អាស្រ័យនូវចេតសិកដ៏ខ្ពង់ខ្ពស់ ៤ យ៉ាងនេះផង កាលបើគ្រហស្ថនោះ បា្រថ្នាព្យាករខ្លួនឯង ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បិត្តិវិស័យហើយ អស់អបាយ ទុគ្គតិ វិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល មានការមិនបានធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង មានសេចក្តីត្រាស់ដឹងទៅខាងមុខ ដូច្នេះ។
ID: 636853893875232938
ទៅកាន់ទំព័រ៖