ព្រះត្រៃបិដក ភាគ ៤៥
សូមចាំទុកនូវពួកឧបាសកទាំងប្រាំរយនេះ ថាជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយដែរ។ ម្នាលអានន្ទ លំដាប់នោះ ភវេសីឧបាសក មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញហ្នឹងឯង មានឧបការៈច្រើន ជាអ្នកនាំអាទិ ឲ្យពួកឧបាសកទាំងប្រាំរយនេះ សមាទាន ឯអាត្មាអញ ជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយ ទាំងពួកឧបាសកប្រាំរយនេះ ក៏ជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយដែរ សុទ្ធតែស្មើៗគ្នា ដូច្នេះ មិនមានលើសលុបជាងគ្នាតិចតួចឡើយ បើដូច្នោះ គួរតែអាត្មាអញ (ធ្វើ) ឲ្យលើសលុបជាងចុះ។ ម្នាលអានន្ទ លំដាប់នោះឯង ភវេសីឧបាសក បានចូលទៅរកពួកឧបាសកទាំងប្រាំរយនោះ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងពួកឧបាសកទាំងប្រាំរយនោះ យ៉ាងនេះថា អំពីថ្ងៃនេះទៅមុខ ពួកអ្នកដ៏មានអាយុ ចូរចាំទុកនូវខ្ញុំ ថាជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ឆ្ងាយវៀរចាកមេថុន ជាធម៌របស់អ្នកស្រុក។ ម្នាលអានន្ទ លំដាប់នោះឯង ឧបាសកទាំងប្រាំរយនោះមានសេចក្តីត្រិះរិះ យ៉ាងនេះថា ភវេសីជាម្ចាស់ហ្នឹងឯង មានឧបការៈច្រើន ជាអ្នកនាំអាទិ ឲ្យពួកយើងសមាទាន អម្បាលភវេសីជាម្ចាស់ ម្តេចគង់ជាអ្នកប្រព្រឹត្ត នូវធម៌ដ៏ប្រសើរ ឆ្ងាយ វៀរចាកមេថុន
ID: 636853895131004764
ទៅកាន់ទំព័រ៖