ព្រះត្រៃបិដក ភាគ ៤៥
ម្នាលអានន្ទ ភវេសីឧបាសក ក៏បាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ព្រះនាមកស្សបអរហន្តសម្មាសម្ពុទ្ធ។ ម្នាលអានន្ទ ភវេសីភិក្ខុ បានឧបសម្បទាមិនយូរប៉ុន្មាន ក៏ចៀសចេញទៅតែម្នាក់ឯង មិនប្រមាទ ខំប្រឹងដុតបំផ្លាញនូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ដែលចេញចាកផ្ទះហើយ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរគុណណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរគុណនោះ ដែលមានព្រហ្មចរិយៈ ជាទីបំផុតដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងកាលជាបច្ចុប្បន្ន រួចបានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តចប់ហើយ សោឡសកិច្ចដែលត្រូវធ្វើ អាត្មាអញ បានធ្វើស្រេចហើយ កិច្ចដទៃ ក្រៅអំពីមគ្គភាវនាកិច្ចនេះ មិនមានទៀតឡើយ ម្នាលអានន្ទ ឯភវេសីភិក្ខុ ក៏បានជាព្រះអរហន្តមួយ ក្នុងពួកព្រះអរហន្តទាំងឡាយដែរ។ ម្នាលអានន្ទ លំដាប់នោះ ឧបាសកទាំងប្រាំរយនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ភវេសីជាម្ចាស់ហ្នឹងឯង មានឧបការៈច្រើន ជាអ្នកនាំអាទិ ឲ្យពួកយើងសមាទាន អម្បាលភវេសីជាម្ចាស់ ម្តេចគង់កោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀកដណ្តប់នូវសម្ពត់ ដែលជ្រលក់ដោយទឹកចត់
ID: 636853895816603978
ទៅកាន់ទំព័រ៖