ព្រះត្រៃបិដក ភាគ ៤៥

ម្នាល​ទោ​ណៈ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​ ​ទោណ​ព្រាហ្មណ៍​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ដូច្នេះ​ឯង​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ទោ​ណៈ​ ​ព្រាហ្មណ៍​ឈ្មោះ​ ​ព្រហ្ម​សមៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ទោ​ណៈ​ ​ព្រាហ្មណ៍​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​កំណើត​ស្អាត​ទាំងពីរ​ខាង​ ​គឺ​ខាង​មាតា​និង​ខាង​បិតា​ ​កើត​ចាក​គភ៌​ដ៏​បរិសុទ្ធ​ ​ដរាប​អំពី​តំណ​ ​នៃ​ជីដូនជីតា​ ​ជា​គំរប់​ ​៧​ ​មិន​មាន​អ្នកណា​រិះគន់​តិះដៀល​ ​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​ ​ព្រាហ្មណ៍​នោះ​ ​តែង​រៀន​យក​នូវ​មន្ត​ ​ប្រព្រឹត្ត​កោ​មារ​(​១​)​ ​ព្រហ្មចរិយៈ​អស់​ ​៤៨​ ​ឆ្នាំ​ ​លុះ​រៀន​យក​នូវ​មន្ត​ ​ប្រព្រឹត្ត​កោ​មារ​ព្រហ្មចរិយៈ​អស់​ ​៤៨​ ​ឆ្នាំ​រួចហើយ​ ​ក៏​ស្វែងរក​នូវ​ទ្រព្យ​ ​សម្រាប់​អាចារ្យ​ ​ដើម្បី​អាចារ្យ​ ​ដោយ​ធម៌​ ​មិន​ស្វែងរក​ខុស​ធម៌​ឡើយ​។​ ​ម្នាល​ទោ​ណៈ​ ​ធម៌​ដូចម្តេច​ ​ក្នុង​ការស្វែងរក​នោះ​។​ ​
​(​១​)​ ​ក្នុង​ត្រកូល​ណា​ ​មាន​នាង​ទារិកា​ពេញ​រូបរាង​ហើយ​ ​ព្រាហ្មណ៍​នោះ​ឯង​ ​ក៏​ទៅ​ឈរ​ទៀប​ផ្ទះ​ត្រកូល​នោះ​ ​កាលបើ​ត្រកូល​នោះ​សួរ​ថា​ ​ហេតុអ្វីបានជា​អ្នក​មក​ឈរ​ក្នុង​ទីនេះ​ ​ក៏​ប្រាប់​គេ​ថា​ ​ខ្ញុំ​ប្រព្រឹត្ត​កោ​មារ​ព្រហ្មចរិយ​ធម៌​ ​អស់៤៨ឆ្នាំ​ហើយ​ ​ឥឡូវ​ខ្ញុំ​ប្រគល់​ព្រហ្មចរិយៈ​ទាំងអស់​នោះ​ ​ឲ្យ​ទៅ​អ្នករាល់គ្នា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ឲ្យ​នាង​ទារិកា​មក​ខ្ញុំ​ ​ជន​ទាំងនោះ​ ​ក៏​ព្រម​សុខចិត្ត​ផ្សំផ្គុំ​ ​ឲ្យ​ជា​ភរិយា​នឹងគ្នា​តទៅ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636853898890549797
ទៅកាន់ទំព័រ៖