ព្រះត្រៃបិដក ភាគ ៤៥
គឺព្រាហ្មណ៍នោះ មិនបានស្វែងរកដោយការភ្ជួរ មិនបានស្វែងរកដោយការជួញ មិនបានស្វែងរកដោយការរក្សាគោ មិនបានស្វែងរកដោយអំពើនៃឋានៈជាទាហាន មិនបានស្វែងរកដោយភាពជារាជបុរស មិនបានស្វែងរកដោយសិប្បកម្មណានីមួយឡើយ គ្រាន់តែស្វែងរក ដោយការត្រេចទៅ ដើម្បីភិក្ខាប៉ុណ្ណោះ មិនបានមើលងាយនូវភិក្ខាភាជនៈឡើយ។ ព្រាហ្មណ៍នោះ ប្រគល់ទ្រព្យសម្រាប់អាចារ្យ ដល់អាចារ្យ ហើយក៏ស្វែងរកភរិយាដោយធម៌ មិនស្វែងរកខុសធម៌ឡើយ។ ម្នាលទោណៈ ធម៌ដូចម្តេច ក្នុងការស្វែងរកនោះ។ គឺព្រាហ្មណ៍នោះ មិនបានស្វែងរកដោយការទិញ មិនបានស្វែងរក ដោយការលក់ដូរ ស្វែងរកតែព្រាហ្មណី ដែលគេបរិច្ចាគដោយប្រោះទឹកឲ្យព្រាហ្មណ៍នោះ រមែងគប់រកនាងព្រាហ្មណីផងគ្នា មិនគប់រកស្រ្តីក្សត្រិយ៍ មិនគប់រកស្រ្តីវេស្សៈ គឺស្រ្តីអ្នកជួញ ឬធ្វើស្រែចំការ មិនគប់រកស្រី្តសុទ្រៈ គឺស្រ្តីធ្វើគូលី ស៊ីឈ្នួលគេ មិនគប់រកស្រី្តចណ្ឌាល មិនគប់រកស្ត្រីនេសាទ មិនគប់រកស្រី្ត ដែលមានភ្នួងសក់ (សក់ជុក) មិនគប់រកស្រ្តីជាងរថ មិនគប់រកស្រ្តីអ្នកចោលសំរាម មិនគប់រកស្រ្តី ដែលមានគភ៌ មិនគប់រកស្រ្តី ដែលមានកូននៅបៅ មិនគប់រកស្ត្រី ដែលមិនមានរដូវ។
ID: 636853899428900589
ទៅកាន់ទំព័រ៖