ព្រះត្រៃបិដក ភាគ ៤៥
ព្រាហ្មណ៍នោះ ប្រគល់ទ្រព្យសម្រាប់អាចារ្យ ដល់អាចារ្យ ហើយស្វែងរកភរិយាដោយធម៌ មិនស្វែងរកខុសធម៌ឡើយ។ ម្នាលទោណៈ ធម៌ដូចម្តេច ក្នុងការស្វែងរកនោះ។ គឺ ព្រាហ្មណ៍នោះ មិនបានស្វែងរកដោយការទិញ មិនបានស្វែងរក ដោយការលក់ដូរ ស្វែងរកតែព្រាហ្មណី ដែលគេបរិច្ចាគ ដោយប្រោះទឹកឲ្យ ព្រាហ្មណ៍នោះ គប់រកតែនាងព្រាហ្មណីផងគ្នា មិនបានគប់រកស្រ្តីក្សត្រិយ៍ មិនបានគប់រកស្ត្រីវេស្សៈ មិនបានគប់រកស្រ្តីសុទ្រៈ មិនបានគប់រកស្ត្រីចណ្ឌាល មិនបានគប់រកស្រ្តីនេសាទ មិនបានគប់រកស្រ្តី ដែលមានភ្នួងសក់ (សក់ជុក) មិនបានគប់រកស្រី្តជាងរថ មិនបានគប់រកស្ត្រីអ្នកចោលសម្រាម មិនបានគប់ស្រ្តីដែលមានគភ៌ មិនបានគប់រកស្ត្រី ដែលមានកូននៅបៅ មិនបានគប់រកស្រី្ត ដែលមិនមានរដូវ។ ម្នាលទោណៈ ចុះហេតុអ្វី បានជាព្រាហ្មណ៍ មិនគប់រកស្ត្រីដែលមានគភ៌។ ម្នាលទោណៈ ប្រសិនបើព្រាហ្មណ៍ គប់រកស្ត្រីដែលមានគភ៌ហើយ មាណវកៈ និងមាណវិកានោះ ឈ្មោះថា កើតក្នុងគំនរលាមកដ៏ធំ អាក្រក់ក្រៃពេក ម្នាលទោណៈ ព្រោះហេតុនោះ បានជាព្រាហ្មណ៍ មិនគប់រកស្រី្ត ដែលមានគភ៌ឡើយ។
ID: 636853899922578826
ទៅកាន់ទំព័រ៖