ព្រះត្រៃបិដក ភាគ ៤៥
ម្នាលទោណៈ ព្រាហ្មណ៍ ជាព្រាហ្មណចណ្ឌាល តើដូចម្តេច។ ម្នាលទោណៈ ព្រាហ្មណ៍ក្នុងលោកនេះ ជាអ្នកមានកំណើតស្អាតទាំងពីរខាង គឺខាងមាតា និងខាងបិតា កើតចាកគភ៌ដ៏បរិសុទ្ធ អំពីតំណ នៃជីដូននិងជីតា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀលដោយពោលដល់ជាតិកំណើតបានឡើយ។ ព្រាហ្មណ៍នោះ រមែងរៀនយកនូវមន្ត ប្រព្រឹត្តកោមារព្រហ្មចរិយៈ អស់ ៤៨ ឆ្នាំ លុះរៀនយកនូវមន្ត ប្រព្រឹត្តកោមារព្រហ្មចរិយៈ អស់ ៤៨ ឆ្នាំរួចហើយ ក៏ស្វែងរកនូវទ្រព្យសម្រាប់អាចារ្យ ដើម្បីអាចារ្យ ដោយធម៌ខ្លះ មិនដោយធម៌ខ្លះ ដោយការភ្ជួរខ្លះ ដោយការជួញខ្លះ ដោយការរក្សាគោខ្លះ ដោយអំពើនៃឋានៈជាទាហានខ្លះ ដោយសិប្បកម្មណានីមួយខ្លះ ដោយភាវៈជារាជបុរសខ្លះ គ្រាន់តែស្វែងរក ដោយការត្រេចទៅ ដើម្បីភិក្ខាប៉ុណ្ណោះ មិនបានមើលងាយ នូវភិក្ខាភាជនៈឡើយ។ ព្រាហ្មណ៍នោះ ក៏ប្រគល់ទ្រព្យ សម្រាប់អាចារ្យ ដល់អាចារ្យហើយ ក៏ស្វែងរកភរិយា ដែលគេបរិច្ចាគ ដោយប្រោះទឹកឲ្យ ដោយធម៌ខ្លះ មិនដោយធម៌ខ្លះ ដោយការទិញខ្លះ ដោយការលក់ដូរខ្លះ ព្រាហ្មណ៍នោះ រមែងគប់រកនាងព្រាហ្មណីខ្លះ គប់រកស្រ្តីក្សត្រិយ៍ខ្លះ គប់រកស្រ្តីវេស្សៈខ្លះ គប់រកស្រ្តីសុទ្រៈខ្លះ
ID: 636853907078118099
ទៅកាន់ទំព័រ៖