ព្រះត្រៃបិដក ភាគ ៤៥
[៩៣] គ្រានោះឯង សង្គារវព្រាហ្មណ៍ (ព្រាហ្មណ៍ឈ្មោះសង្គារវៈ) បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសង្គារវព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលសួរព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ បានជាមន្តទាំងឡាយ ដែលបុគ្គលបានស្វាធ្យាយ អស់កាលជាយូរអង្វែង ជួនកាលមិនបានប្រាកដ មិនបាច់ពោលដល់មន្ត ដែលមិនបានស្វាធ្យាយឡើយ។ បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ បានជាមន្តទាំងឡាយ ដែលបុគ្គលមិនបានស្វាធ្យាយ អស់កាលជាយូរអង្វែង ជួនកាលប្រាកដ មិនបាច់ពោលដល់មន្ត ដែលស្វាធ្យាយឡើយ។ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្តត្រូវកាមរាគរួបរឹត ត្រូវកាមរាគគ្របសង្កត់ហើយ ទាំងមិនដឹងច្បាស់តាមពិត នូវការរលាស់ចេញនូវកាមរាគ ដែលកើតឡើង សម័យនោះ ក៏មិនបានដឹង មិនបានឃើញតាមពិត នូវប្រយោជន៍របស់ខ្លួនខ្លះ សម័យនោះ មិនបានដឹង មិនបានឃើញតាមពិត នូវប្រយោជន៍អ្នកដទៃខ្លះ
ID: 636853907607518379
ទៅកាន់ទំព័រ៖