ព្រះត្រៃបិដក ភាគ ៤៥
ម្នាលអ្នកដ៏ចំរើន (បុរស) ស្តាប់នូវធម៌ ទោះបីសុត្តៈ ឬ គេយ្យៈ ទោះបីវេយ្យាករណៈ ឬអព្ភូតធម្មៈ របស់ព្រះគោតមដ៏ចំរើននោះ ក្នុងកាលណាៗហើយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ ក៏ដល់នូវសេចក្តីវិនាស ក្នុងកាលនោះៗ ក៏យ៉ាងនោះឯង។ ម្នាលអ្នកដ៏ចំរើន មួយទៀត ដូចស្រះបោក្ខរណីមានទឹកថ្លា មានទឹកឆ្ងាញ់ មានទឹកត្រជាក់ មានទឹកស មានកំពង់រាបស្មើ គួរជាទីត្រេកអរ ជួនជាមានបុរសម្នាក់មកដល់ បុរសនោះ ត្រូវសេចក្តីក្តៅរោលរាល ត្រូវសេចក្តីក្តៅគ្របសង្កត់ នឿយព្រួយលំបាកតាមផ្លូវ តក់ស្លុតស្រេកឃ្លាន ក៏ចុះទៅកាន់ស្រះបោក្ខរណីនោះ ងូតផង ផឹកផង គប្បីកំចាត់បង់ នូវសេចក្តីក្រវល់ក្រវាយ សេចក្តីលំបាក សេចក្តីក្តៅក្រហាយទាំងពួងបាន យ៉ាងណាមិញ ម្នាលអ្នកដ៏ចំរើន (បុរស) ស្តាប់ធម៌ ទោះបីសុត្តៈ ឬគេយ្យៈ ទោះបីវេយ្យាករណៈ ឬអព្ភូតធម្មៈ របស់ព្រះគោតមដ៏ចំរើននោះ ក្នុងកាលណាៗ ហើយ សេចក្តីក្រវល់ក្រវាយ សេចក្តីលំបាក សេចក្តីក្តៅក្រហាយទាំងពួង ក៏ស្ងប់រម្ងាប់ទៅ ក្នុងកាលនោះៗ ក៏យ៉ាងនោះឯង។ កាលដែលបិង្គិយានិព្រាហ្មណ៍ ពោលយ៉ាងនេះហើយ ការណបាលិព្រាហ្មណ៍ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង
ID: 636853910063218837
ទៅកាន់ទំព័រ៖