ព្រះត្រៃបិដក ភាគ ៤៥
ម្នាលភិក្ខុទាំងឡាយ នេះជាមហាសុបិនទី ៥ កើតឡើងប្រាកដ ដើម្បីត្រាស់ដឹង (នូវគុណ) ដែលព្រះតថាគត ជាបុគ្គលមានលាភ គឺបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តែព្រះតថាគត មិនបានជាប់ចំពាក់ មិនបានជ្រប់ មិនបានសុបសៅ ក្នុងលាភទាំងនោះឡើយ មានការឃើញលាភនោះ ថាជាទោស មានបញ្ញាជាគ្រឿងរលាស់ចេញ ហើយទើបបរិភោគ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មហាសុបិនទាំង ៥ នេះ ក៏បានកើតឡើងប្រាកដ។
[៩៧] ម្នាលភិក្ខុទាំងឡាយ អន្តរាយនៃភ្លៀងនេះ មាន ៥ យ៉ាង ដែលពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំងចក្ខុរបស់ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ។ អន្តរាយនៃភ្លៀង ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តេជោធាតុ កើតឡើង ក្នុងអាកាសខាងលើ ដោយហេតុនោះហើយ បានជាមេឃ (ពពក) តាំងឡើង ត្រឡប់ជាស្រឡះទៅវិញ ម្នាលភិក្ខុទាំងឡាយ នេះជាអន្តរាយនៃភ្លៀងទី ១ ដែលពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំងចក្ខុរបស់ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ។
ID: 636853912183940136
ទៅកាន់ទំព័រ៖