ព្រះត្រៃបិដក ភាគ ៤៥
ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងពាក្យសំដី ឲ្យមានទីបំផុត ដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរមក ចូរជាអ្នកមានពាក្យសំដីតិច ធ្វើពាក្យសំដីឲ្យមានទីបំផុតដូច្នេះ ១ ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងសេចក្តីស្ងប់កាយ ដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរមក ចូរជាអ្នកនៅក្នុងព្រៃជាវត្ត គប់រកសេនាសនៈដ៏ស្ងាត់ គឺព្រៃតូច ព្រៃធំ ដូច្នេះ ១ ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងការយល់ឃើញត្រូវ ដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរមក ចូរជាអ្នកយល់ត្រូវ ប្រកបដោយការយល់ឃើញត្រូវ ដូច្នេះ ១។ ម្នាលអានន្ទ ភិក្ខុទាំងឡាយណា ទើបនឹងបួសថ្មី មកកាន់ធម៌វិន័យនេះ ក្នុងកាលឥឡូវនេះ ម្នាលអានន្ទ ភិក្ខុទាំងនោះ ត្រូវអ្នករាល់គ្នា ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងធម៌ទាំង ៥ នេះឯង។
[១៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុនីកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១។
ID: 636853863147325402
ទៅកាន់ទំព័រ៖