ព្រះត្រៃបិដក ភាគ ៤៥
ពួកមនុស្ស រមែងក្រោកទទួលថ្វាយបង្គំ ក្រាលអាសនៈប្រគេន ម្នាលភិក្ខុទាំងឡាយ ត្រកូលនោះ ក៏ប្រតិបត្តិនូវបដិបទាប្រព្រឹត្តទៅ ដើម្បីទៅកាន់ត្រកូលខ្ពង់ខ្ពស់ ក្នុងសម័យនោះ ១។ ម្នាលភិក្ខុទាំងឡាយ កាលបព្វជិតមានសីល ចូលទៅកាន់ត្រកូលក្នុងសម័យណាហើយ ពួកមនុស្ស ក៏បន្ទោបង់មន្ទិល គឺសេចក្តីកំណាញ់ ម្នាលភិក្ខុទាំងឡាយ ត្រកូលនោះ ក៏ប្រតិបត្តិនូវបដិបទា ប្រព្រឹត្តទៅ ដើម្បីបាននូវយសសក្តិធំ ក្នុងសម័យនោះ ១។ ម្នាលភិក្ខុទាំងឡាយ កាលបព្វជិតមានសីល ចូលទៅកាន់ត្រកូលក្នុងសម័យណាហើយ ពួកមនុស្ស រមែងចែករលែក (នូវទាន) តាមសមគួរដល់សេចក្តីអង់អាច តាមសមគួរដល់កម្លាំង ម្នាលភិក្ខុទាំងឡាយ ត្រកូលនោះ ក៏ប្រតិបត្តិនូវបដិបទា ប្រព្រឹត្តទៅ ដើម្បីបាននូវភោគសម្បត្តិច្រើន ក្នុងសម័យនោះ ១។ ម្នាលភិក្ខុទាំងឡាយ កាលបព្វជិតមានសីល ចូលទៅកាន់ត្រកូលក្នុងសម័យណាហើយ ពួកមនុស្ស ក៏សាកសួរ សាកច្ឆាស្តាប់ធម៌ ម្នាលភិក្ខុទាំងឡាយ ត្រកូលនោះ ក៏ប្រតិបត្តិនូវបដិបទា ប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញាច្រើន ក្នុងសម័យនោះ ១។ ម្នាលភិក្ខុទាំងឡាយ ពួកបព្វជិតមានសីល ចូលទៅកាន់ត្រកូលក្នុងសម័យណាហើយ ពួកមនុស្សក្នុងត្រកូលនោះ រមែងបានបុណ្យច្រើន ដោយឋានៈ ៥ យ៉ាងនេះ។
ID: 636853912800075377
ទៅកាន់ទំព័រ៖