ព្រះត្រៃបិដក ភាគ ៤៥
អក្កោសកវគ្គ
[១១១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជេរប្រទេច តិះដៀលព្រះអរិយៈ ចំពោះសព្រហ្មចារីទាំងឡាយ ទោស ៥ យ៉ាង តែងប្រាកដឡើង ដល់ភិក្ខុនោះ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកត្រូវបារាជិក អស់ផ្លូវកែខៃ ១ ជាអ្នកត្រូវអាបត្តិដ៏សៅហ្មងណាមួយ ១ ជាអ្នកប៉ះពាល់នូវរោគយ៉ាងធ្ងន់ ១ ជាអ្នកស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជេរ ប្រទេច តិះដៀលព្រះអរិយៈ ចំពោះសព្រហ្មចារីទាំងឡាយ ទោស ៥ យ៉ាងនេះ តែងប្រាកដឡើងដល់ភិក្ខុនោះ។
[១១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអ្នកធ្វើនូវសេចក្តីប្រកួតប្រកាន់ ធ្វើនូវជំលោះ ធ្វើនូវវិវាទ ធ្វើនូវតិរច្ឆានកថា ធ្វើនូវអធិករណ៍ក្នុងសង្ឃ ទោស ៥ យ៉ាង តែងប្រាកដឡើងដល់ភិក្ខុនោះ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនបានគុណវិសេស ដែលខ្លួនមិនទាន់បាន ១ គុណវិសេស ដែលខ្លួនបានហើយ សាបសូន្យទៅវិញ ១ កិត្តិសព្ទអាក្រក់ រមែងខ្ចរខ្ចាយទៅ ១ ស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយសា្លប់ទៅ ក៏ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។
ID: 636853915835528995
ទៅកាន់ទំព័រ៖