ព្រះត្រៃបិដក ភាគ ៤៥
បានបរិបូណ៌នូវឈានទាំង ៤ ដែលអាស្រ័យនូវចិត្តដ៏ក្រៃលែង ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ជាអ្នកធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះក្ស័យអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាទីស្រលាញ់ ជាទីពេញចិត្ត ជាទីគោរព គួរសរសើរ របស់សព្រហ្មចារីទាំងឡាយ។
[១៣៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងញ៉ាំងអាវាសឲ្យល្អ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស ជាអ្នកមានសីល។ បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាពហុស្សូត។បេ។ ចាក់ធ្លុះដោយសេចក្តីយល់ ១ ជាអ្នកមានវាចាពីរោះ និយាយពីរោះ ប្រកបដោយសំដីនៃអ្នកក្រុង ជាសំដីច្បាស់លាស់ ជាវាចាប្រាសចាកទោស អាចញ៉ាំងមហាជន ឲ្យដឹងសេចក្តីបាន ១ ជាអ្នកអង់អាច ដើម្បីពន្យល់មនុស្ស ដែលបានមករកខ្លួន ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានមិនលំបាក បានបរិបូណ៌នូវឈានទាំង ៤ ដែលអាស្រ័យនូវចិត្តដ៏ក្រៃលែង
ID: 636853921631190488
ទៅកាន់ទំព័រ៖