ព្រះត្រៃបិដក ភាគ ៤៥
សរសើរគុណបុគ្គលដែលគួរសរសើរ ១ មិនជាអ្នកកំណាញ់អាវាស មិនជាប់ក្នុងអាវាស ១ មិនជាអ្នកកំណាញ់ត្រកូល មិនជាប់ក្នុងត្រកូល ១ មិនញុំាងសទ្ធាទេយ្យរបស់ទាយក ឲ្យធ្លាក់ចុះ ១។ ៥ យ៉ាងនេះឯង។បេ។
[១៣៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស មិនបានស្ទាបស្ទង់ពិចារណាមើល ហើយសរសើរគុណបុគ្គលដែលមិនគួរសរសើរ ១ មិនបានស្ទាបស្ទង់ពិចារណាមើល ហើយពោលទោសបុគ្គលដែលគួរសរសើរ ១ ជាអ្នកកំណាញ់អាវាស ១ ជាអ្នកកំណាញ់ត្រកូល ១ ជាអ្នកកំណាញ់លាភ ១។ ៥ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស បានស្ទាបស្ទង់ពិចារណាមើល ហើយពោលទោសបុគ្គលដែលគួរពោលទោស ១ បានស្ទាបស្ទង់ពិចារណាមើល ហើយសរសើរគុណបុគ្គល ដែលគួរសរសើរ ១ មិនជាអ្នកកំណាញ់អាវាស ១ មិនជាអ្នកកំណាញ់ត្រកូល ១ មិនជាអ្នកកំណាញ់លាភ ១។ ៥ យ៉ាងនេះឯង។ បេ។
ID: 636853922666109682
ទៅកាន់ទំព័រ៖