ព្រះត្រៃបិដក ភាគ ៤៥
[១៤៩] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងព្រៃស្មសាន។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាទីមិនស្អាត ១ មានក្លិនស្អុយ ១ ប្រកបដោយភ័យ ១ ជាទីនៅរបស់ពួកអមនុស្សកាច ១ ជាទីទ្រហោយំ របស់ជនច្រើន ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមាន ក្នុងព្រៃស្មសាន។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងបុគ្គលដូចជាព្រៃស្មសាន ក៏ដូច្នោះដែរ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រកបដោយកាយកម្មមិនស្អាត ប្រកបដោយវចីកម្មមិនស្អាត ប្រកបដោយមនោកម្មមិនស្អាត នេះតថាគតហៅបុគ្គលនោះថា មិនស្អាត ម្នាលភិក្ខុទាំងឡាយ ដូចជាព្រៃស្មសាននោះ ជាទីមិនស្អាត ម្នាលភិក្ខុទាំងឡាយ តថាគតថាបុគ្គលនេះ មានឧបមេយ្យដូច្នោះ ១។ កាលបើបុគ្គលនោះ ប្រកបដោយកាយកម្មមិនស្អាត ប្រកបដោយវចីកម្មមិនស្អាត ប្រកបដោយមនោកម្មមិនស្អាតហើយ កិត្តិសព្ទដ៏អាក្រក់ ក៏ខ្ចរខ្ចាយទៅ នេះតថាគតហៅបុគ្គលនោះថា មានក្លិនស្អុយ ម្នាលភិក្ខុទាំងឡាយ ដូចព្រៃស្មសាននោះ ជាទីមានក្លិនស្អុយ ម្នាលភិក្ខុទាំងឡាយ តថាគតថាបុគ្គលនេះ មានឧបមេយ្យដូច្នោះ ១។
ID: 636853924274551679
ទៅកាន់ទំព័រ៖