ព្រះត្រៃបិដក ភាគ ៤៥
ទោះភិក្ខុក្តី ភិក្ខុនីក្តី ចំរើននូវធម៌ ៥ យ៉ាងនេះ ធ្វើឲ្យច្រើន នូវធម៌ ៥ យ៉ាងនេះ បណ្តាផលទាំង ២ ប្រការ ផលណាមួយ នឹងកើតប្រាកដ ដល់បុគ្គលនោះ គឺនឹងបានអរហត្តផល ឬកាលបើឧបាទាននៅមានសល់ ក៏គង់នឹងបាននូវភាពជាអនាគាមិបុគ្គល ក្នុងបច្ចុប្បន្ន។
[២៣] ម្នាលភិក្ខុទាំងឡាយ អ្នកជម្ងឺប្រកបដោយធម៌ ៥ យ៉ាង ជាបុគ្គលលំបាកបម្រើ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកមិនចេះធ្វើខ្លួនឲ្យសប្បាយ ១ មិនដឹងប្រមាណ ក្នុងការសប្បាយ ១ ជាអ្នកមិនរានថ្នាំ ១ មិនប្រាប់ជម្ងឺតាមពិត ដល់អ្នកបម្រើជម្ងឺដែលប្រាថ្នានូវសេចក្តីចំរើន ឬជម្ងឺដែលចំរើនឡើង មិនប្រាប់ថាចំរើនឡើង ឬជម្ងឺដែលធូរថយ មិនប្រាប់ថាធូរថយ ឬក៏ជម្ងឺដែលនៅនឹង មិនប្រាប់ថានៅនឹង ១ ជាអ្នកមិនចេះអត់ធន់ចំពោះវេទនាប្រជុំក្នុងសរីរៈ ជាទុក្ខដ៏ក្លាខ្លាំង ខ្លោចផ្សា មិនស្រួល មិនជាទីពេញចិត្ត ជាវេទនា អាចនាំយកជីវិតបាន ដែលកើតហើយ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកជម្ងឺប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាបុគ្គលលំបាកបម្រើ។ ម្នាលភិក្ខុទាំងឡាយ អ្នកជម្ងឺប្រកបដោយធម៌ ៥ យ៉ាង ជាបុគ្គលងាយបម្រើ។
ID: 636853865007491797
ទៅកាន់ទំព័រ៖