ព្រះត្រៃបិដក ភាគ ៤៥
រាជវគ្គ ទី៤
[៣១] ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិ ប្រកបដោយអង្គ ៥ យ៉ាង រមែងញុំាងអាណាចក្រ ឲ្យប្រព្រឹត្តទៅ ដោយកុសលធម៌ អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនអាចឲ្យប្រព្រឹតិ្តទៅបានឡើយ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិ ក្នុងលោកនេះ ទ្រង់ឈ្វេងយល់ នូវប្រយោជន៍ (នៃរាជការ) ១ ទ្រង់ចាំនូវប្រវេណីធម៌ ១ ទ្រង់ស្គាល់ប្រមាណ ក្នុងអាជ្ញា ឬគ្រឿងបូជា ១ ទ្រង់ស្គាល់កាល ១
(១) ទ្រង់ស្គាល់បរិសទ្យ ១
(២) ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងញ៉ាំងព្រះរាជអាណាចក្រ ឲ្យប្រព្រឹត្តទៅដោយធម៌ អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌ ៥ ប្រការដូច្នោះដែរ ទើបញ៉ាំងធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ដោយធម៌បាន ធម្មចក្រនោះឯង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។
(១) ស្គាល់ថា កាលនេះ ជាកាលគួរសោយសុខ ក្នុងរាជ្យ កាលនេះ ជាកាលគួរវិនិច្ឆ័យ ជាកាលគួរទៅកាន់ជនបទ។ (២) ស្គាល់ថា អ្នកនេះ ជាក្សត្រិយ៍ ជាព្រាហ្មណ៍ ជាវេស្ស ជាសុទ្រ។ អដ្ឋកថា។
ID: 636853867068969707
ទៅកាន់ទំព័រ៖