ព្រះត្រៃបិដក ភាគ ៤៥
ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ព្រះរាជាចក្រពត្តិប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងញ៉ាំងអាណាចក្រ ដែលបិតាធ្លាប់ឲ្យប្រព្រឹត្តទៅ ឲ្យប្រព្រឹត្តទៅ តាមលំដាប់ដោយធម៌បាន អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្ស មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ ប្រកបដោយធម៌ ៥ យ៉ាងដូច្នោះដែរ ទើបញ៉ាំងធម្មចក្រដ៏ប្រសើរ ដែលតថាគតធ្លាប់ឲ្យប្រព្រឹត្តទៅ ឲ្យប្រព្រឹត្តទៅតាមលំដាប់ ដោយប្រពៃបាន ធម្មចក្រនោះ ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ សារីបុត្រ ជាអ្នកដឹងអត្ថ ១ ដឹងធម៌ ១ ដឹងប្រមាណ ១ ដឹងកាល ១ ដឹងបរិសទ្យ ១។ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបញ៉ាំងធម្មចក្រដ៏ប្រសើរ ដែលព្រះតថាគត ធ្លាប់ឲ្យប្រព្រឹត្តទៅ ឲ្យប្រព្រឹត្តទៅតាមលំដាប់ ដោយប្រពៃបាន ធម្មចក្រនោះ ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។
ID: 636853867810872141
ទៅកាន់ទំព័រ៖