ព្រះត្រៃបិដក ភាគ ៤៥
ព្រោះមហាចោរនោះគិតថា អាថ៌កំបាំងរបស់អញ កុំខ្ចរខ្ចាយទៅក្រៅឡើយ ម្នាលភិក្ខុទាំងឡាយ មហាចោរ ជាអ្នកត្រេចទៅតែម្នាក់ឯង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងកាត់នូវទីតខ្លះ ប្លន់ធំខ្លះ ប្លន់ផ្ទះ ១ ខ្លះ ចាំស្កាត់អ្នកដំណើរខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប ដែលប្រកបដោយធម៌ ៥ យ៉ាង រមែងរក្សាខ្លួន ដែលគាស់រំលើង បំផ្លាញគុណធម៌ចោលផង ប្រកបដោយទោសផង គួរជាទីតិះដៀល នៃអ្នកប្រាជ្ញទាំងឡាយផង ទទួលនូវបាបដ៏ច្រើនផង ក៏យ៉ាងនោះដែរ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប ក្នុងសាសនានេះ អាស្រ័យកិរិយាមិនស្មើ ១ អាស្រ័យសេចក្តីយល់សាំញុំា ១ អាស្រ័យជនមានកំឡាំង ១ សូកដោយទ្រព្យ ១ ត្រេចទៅតែម្នាក់ឯង ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុបាប អាស្រ័យកិរិយាមិនស្មើ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប ក្នុងសាសនានេះ ប្រកបដោយកាយកម្មមិនស្មើ ប្រកបដោយវចីកម្មមិនស្មើ ប្រកបដោយមនោកម្មមិនស្មើ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប អាស្រ័យកិរិយាមិនស្មើ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុបាប អាស្រ័យសេចក្តីយល់សាំញុំា តើដូចម្តេច។
ID: 636853859325996834
ទៅកាន់ទំព័រ៖