ព្រះត្រៃបិដក ភាគ ៤៥
ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលអាចកំណត់ដឹង នូវសេចក្តីកើត និងការរលត់បាន ជាប្រាជ្ញាដ៏បរិសុទ្ធ អាចទំលុះទំលាយ (នូវគំនរនៃលោភៈជាដើម) ជាប្រាជ្ញាធ្វើកងទុក្ខ ឲ្យដល់នូវការអស់ទៅ ដោយប្រពៃ ១។ ភិក្ខុនោះ រមែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា អញហ្នឹងឯង ជាអ្នកមានសទ្ធា ជឿព្រះពោធិញ្ញាណ របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ។បេ។ ព្រះអង្គត្រាស់ដឹង នូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ត្រៃភពទៀត ព្រោះអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកបដោយតេជោធាតុចាស់ល្មម មិនត្រជាក់ពេក មិនក្តៅពេក យ៉ាងកណ្តាល គួរដល់សេចក្តីព្យាយាម ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកមិនលេងបោកប្រាស មិនមានមាយា ជាអ្នកធ្វើឲ្យជាក់ច្បាស់នូវខ្លួន គួរតាមសេចក្តីពិតក្នុងសំណាក់សាស្តា ឬក្នុងសំណាក់ នៃសព្រហ្មចារីទាំងឡាយ ដែលជាអ្នកចេះដឹង ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាបុគ្គលប្រារព្ធព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ។បេ។ មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ
ID: 636853869705270495
ទៅកាន់ទំព័រ៖