ព្រះត្រៃបិដក ភាគ ៤៥
ព្រះរាជបុត្រច្បងនោះ តែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា អញហឹ្នងឯង ជាអ្នកមានកំណើតល្អ ទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូត្រចាកព្រះគភ៌ ដ៏បរិសុទ្ធ អំពីតំណនៃអយ្យកោ និងអយ្យិកា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិបាន ព្រោះហេតុអ្វី អញមិនប្រាថ្នានូវឧបរាជ្យ អញហ្នឹងឯង ជាអ្នកមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង ព្រោះហេតុអ្វី អញមិនប្រាថ្នា នូវឧបរាជ្យ អញហ្នឹងឯង ជាទីស្រឡាញ់ គាប់ព្រះហឫទ័យ នៃព្រះមាតា និងព្រះបិតា ព្រោះហេតុអ្វី អញមិនប្រាថ្នា នូវឧបរាជ្យ អញហ្នឹងឯង ជាទីស្រឡាញ់ ពេញចិត្តនៃពួកពល ព្រោះហេតុអ្វី អញមិនប្រាថ្នានូវឧបរាជ្យ អញហ្នឹងឯង ជាអ្នកប្រាជ្ញ ឈ្លាសវៃ មានប្រាជ្ញាអង់អាចៗ គិតឃើញនូវប្រយោជន៍ ដែលជាអតីត អនាគត បច្ចុប្បន្ន ព្រោះហេតុអ្វី អញមិនប្រាថ្នា នូវឧបរាជ្យ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ព្រះខត្តិយរាជដែលបានមុទ្ធាភិសេកហើយ ប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងប្រាថ្នានូវឧបរាជ្យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ រមែងប្រាថ្នា នូវការអស់ទៅនៃអាសវៈទាំងឡាយ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។
ID: 636853870082772087
ទៅកាន់ទំព័រ៖