ព្រះត្រៃបិដក ភាគ ៤៥
សិក្សាក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកមានសេចក្តីចេះដឹងច្រើន។បេ។ ជាអ្នកមុតធ្លុះ ដោយសម្មាទិដ្ឋិ ១ ជាអ្នកមានចិត្តដំកល់ស៊ប់ ក្នុងសតិប្បដ្ឋានទាំងបួន ១ ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់អកុសលធម៌។បេ។ មិនដាក់ធុរៈចោលក្នុងកុសលធម៌ ១ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលអាចកំណត់ដឹង នូវការកើតនិងការរលត់បាន ជាប្រាជ្ញាដ៏បរិសុទ្ធ អាចទំលុះទំលាយ (នូវគំនរនៃលោភៈជាដើម) ជាប្រាជ្ញាធ្វើកងទុក្ខ ឲ្យអស់ទៅដោយប្រពៃ ១។ ភិក្ខុនោះ តែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា អញហ្នឹងឯង ជាអ្នកមានសីល។បេ។ សិក្សាក្នុងសិក្ខាបទទាំងឡាយ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកមានសេចក្តីចេះដឹងច្រើន ចងចាំនូវសូត្រ ចាំស្ទាត់នូវសូត្រ។បេ។ ជាអ្នកមុតធ្លុះ ដោយសម្មាទិដ្ឋិ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកមានចិត្តដំកល់ស៊ប់ ក្នុងសតិប្បដ្ឋាន ៤ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់ នូវអកុសលធម៌ទាំងឡាយ។បេ។ មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ ព្រោះហេតុអ្វី អញមិនប្រាថ្នា នូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកមានប្រាជ្ញា។បេ។
ID: 636853870244851357
ទៅកាន់ទំព័រ៖