ព្រះត្រៃបិដក ភាគ ៤៥
មិនមានគេរាប់អានដោយឲ្យស្មៅ និងទឹកម្តងក្តី មិនមានគេរាប់អាន ដោយឲ្យស្មៅ និងទឹក ២ដងក្តី ៣ដងក្តី ៤ដងក្តី ៥ដងក្តី ក៏ក្រាបក្រាញ មិនរុលទៅមុខ មិនហ៊ានចូលទៅកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងរស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងផ្សព្វ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម ត្រូវមុតដោយកម្លាំងព្រួញ ១ក្តី ឬត្រូវមុតដោយកម្លាំងព្រួញ ២ក្តី ៣ក្តី ៤ក្តី ៥ក្តី ក៏ក្រាបក្រាញ មិនរុលទៅមុខ មិនហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងផ្សព្វ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាងនេះឯង មិនគួរជារាជយាន មិនសមជារាជបម្រើ មិនដល់នូវការរាប់ថា ជាអង្គរបស់ស្តេចបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ ជាអ្នកមិនគួរទទួលនូវទាន ដែលគេនាំមកបូជា មិនគួរទទួលនូវវត្ថុ ដែលគេរៀបដើម្បីភ្ញៀវ មិនគួរទទួលនូវទក្ខិណាទាន មិនគួរគេធ្វើអញ្ជលិកម្ម មិនមែនជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោកឡើយ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។
ID: 636853871278860499
ទៅកាន់ទំព័រ៖