ព្រះត្រៃបិដក ភាគ ៤៥
ទៅកាន់សង្រ្គាម មិនមានគេរាប់អានដោយឲ្យទឹកនិងស្មៅម្តងក្តី មិនមានគេរាប់អានដោយឲ្យស្មៅនិងទឹក ២ ដងក្តី ៣ ដងក្តី ៤ ដងក្តី ៥ ដងក្តី ក៏មិនក្រាប មិនក្រាញ រមែងរុលទៅមុខ អាចហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងរស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងផ្សព្វ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម ត្រូវមុតដោយកម្លាំងព្រួញ ១ ក្តី ឬត្រូវមុតដោយកម្លាំងព្រួញ ២ ក្តី ៣ ក្តី ៤ ក្តី ៥ ក្តី ក៏មិនក្រាប មិនក្រាញ រមែងរុលទៅមុខ អាចហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងផ្សព្វ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាងនេះឯង ទើបគួរជារាជយាន សមជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ស្តេចបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ ទើបគួរទទួលនូវទានដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេធ្វើអញ្ជលិកម្ម
ID: 636853871972890195
ទៅកាន់ទំព័រ៖