ព្រះត្រៃបិដក ភាគ ៤៥
មិនត្រេកអរ ក្នុងរសដែលគួរត្រេកអរ អាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុអត់ធន់នឹងរស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកអត់ធន់នឹងផ្សព្វ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពាល់ត្រូវនូវផ្សព្វ ដោយកាយ មិនត្រេកអរក្នុងផ្សព្វ ដែលគួរត្រេកអរ អាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុអត់ធន់នឹងផ្សព្វ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរទទួលនូវទាន ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក។
[៤០] ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាង គួរជារាជយាន សមជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជាបាន។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វប្រសប់ខាងការស្តាប់ពាក្យ ១ សម្លាប់ (សត្រូវ) ១ រក្សាខ្លួន ១ អត់ធន់ ១ ទៅកាន់ទិស ១។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វ (ប្រសប់) ខាងការស្តាប់ពាក្យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ កាលបើសារថី អ្នកបង្ហាត់ដំរី ប្រើឲ្យធ្វើការណា
ID: 636853872344731463
ទៅកាន់ទំព័រ៖