ព្រះត្រៃបិដក ភាគ ៤៥
បុគ្គលនោះ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះថា អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីប្រារព្ធ រមែងមិនមាន អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ តែងចំរើនឡើង ដល់លោកដ៏មានអាយុ ហេតុនោះ សូមលោកដ៏មានអាយុ បន្ទោបង់ នូវអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ ហើយចំរើននូវចិត្ត និងបញ្ញាដោយល្អចុះ ធ្វើយ៉ាងនេះ ទើបលោកដ៏មានអាយុ ស្មើគ្នានឹងបុគ្គលទី ៥ ឯណោះបាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៥ ពួកនោះ បុគ្គលណា រមែងមិនប្រារព្ធ មិនមានសេចក្តីក្តៅក្រហាយ មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់។ បុគ្គលនោះ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះថា អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីប្រារព្ធ រមែងមិនមាន អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ ក៏មិនចំរើនឡើង ដល់លោកដ៏មានអាយុទេ ហេតុនោះ សូមលោកដ៏មានអាយុ ចំរើននូវចិត្ត និងបញ្ញាដោយល្អចុះ ធ្វើយ៉ាងនេះ ទើបលោកដ៏មានអាយុ ស្មើគ្នានឹងបុគ្គលទី ៥ ឯណោះបាន។
ID: 636853874957990933
ទៅកាន់ទំព័រ៖